​ហេតុផល​៣​យ៉ាង​ បញ្ជាក់​ថា​ ​​ការ​អាន​សៀវភៅ​កំប្លែង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ឆ្លាត

8-05-01-2017-14-19-58

តាមមតិយោបល់របស់មនុស្សភាគច្រើនយល់ថា សៀវភៅកំប្លែងមិនបានបំពេញតួនាទីជាសៀវភៅមួយប្រភេទ ដែលបានផ្ដល់ចំណេះដឹងដ៏មានសារប្រយោជន៍ចំពោះការយល់ដឹងរបស់អ្នកអាន និងមានគុណសម្បត្តិពិសេសអ្វីផ្សេងខុសពីប្រភេទសៀវភៅដទៃដែលបានជួយអភិវឌ្ឍដល់ផ្នែកផ្សេងៗនៃការអភិវឌ្ឍខ្លួនរបស់អ្នកអានគ្រប់រូបនោះឡើយ។ បើអ្នកអានក្នុងគោលបំណងគ្រាន់តែចង់បានការកម្សាន្តលំហែអារម្មណ៍តែម្យ៉ាង ពិតណាស់ថាអ្នកនឹងមិនទទួលបានប្រយោជន៍ល្អៗអ្វីពីសៀវភៅកំប្លែងនោះឡើយ តែបើអ្នកតាំងចិត្តថានឹងចូលសង្កេតមើលឲ្យជ្រៅពីគុណប្រយោជន៍របស់វា ដូច្នេះ៣ចំណុចនេះគឺជាប្រយោជន៍ដែលអ្នកនឹងទទួលបានពីវា៖

១) អ្នកនឹងចាប់ផ្ដើមចិញ្ចឹមចិត្តស្រឡាញ់ការអានសៀវភៅ៖ ហេតុផលមួយនៅក្នុងចំណោមហេតុផលចម្បងដែលបណ្ដាលឲ្យមនុស្សជាច្រើនមិនសូវមានទម្លាប់អានសៀវភៅ គឺដោយសារពួកគេមានបញ្ហាក្នុងការទទួលបាននូវចំណេះដឹងតាមរយៈអ្វីដែលសៀវភៅព្យាយាមបន្ទេរដល់ពួកគេ ជាលទ្ធផល អសមត្ថភាពក្នុងការព្យាយាមដើរតាមផ្លូវដែលសៀវភៅកំពុងនាំមុខ ធ្វើឲ្យពួកគេបោះបង់ការអានសៀវភៅនោះ ហើយបទពិសោធន៍នេះ ក៏ដក់ជាប់នៅក្នុងផ្នត់គំនិតពួកគេ រហូតដល់ប៉ះពាល់ដល់ការមើលឃើញពីតម្លៃរបស់សៀវភៅ។ ហេតុនេះ សៀវភៅកំប្លែងបានចូលរួមចំណែកមួយក្នុងការអូសទាញ និងបណ្ដុះនូវទម្លាប់អានសៀវភៅរបស់ពួកគេមកវិញ តាមរយៈការប្រើប្រាស់វិធីរៀបរាប់ពីតួអង្គ និងព្រឹត្តិការណ៍សំខាន់ៗ ដោយការពន្យល់ដែលមានលក្ខណៈច្បាស់លាស់ បង្កើតនូវការស្រមើស្រមៃចេញជារូបភាពពិតៗដល់អ្នកអាន ដែលធ្វើឲ្យចំណេះដឹងដែលបានរួមបញ្ចូលពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ ឬការអប់រំដែលមានភាពស្មុគស្មាញក្នុងការយល់ក៏ដោយ ក៏ពួកគេនៅតែអាចបញ្ជ្រាបចូលបានយ៉ាងងាយស្រួលផងដែរ។

Loading...

២) សៀវភៅកំប្លែងប្រើប្រាស់ភាសាដែលស្ថិតក្នុងកម្រិតខ្ពស់៖ ផ្អែកតាមអ្នកសិក្សាស្រាវជ្រាវពីប្រភេទសៀវភៅកំប្លែងបានបង្ហាញថា ភាសាដែលបានយកមកប្រើប្រាស់ក្នុងសៀវភៅកំប្លែង មានកម្រិតខ្ពស់ជាងភាសាប្រាស្រ័យទាក់ទងរបស់អ្នកបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យទៅទៀត។ ដូច្នេះ មានមូលហេតុអ្វីដែលធ្វើឲ្យអ្នកចូលចិត្តអានសៀវភៅកំប្លែងច្រើន មិនអាចអភិវឌ្ឍភាពវៃឆ្លាតក្នុងការប្រើប្រាស់ពាក្យសម្ដីរបស់ខ្លួនបាននោះ ? ម្យ៉ាងទៀត វាកាន់តែផ្ដល់នូវប្រយោជន៍កាន់តែមានតម្លៃថែមទៀត សម្រាប់អ្នកដែលមានជំនាញក្នុងការអានរបស់ខ្លួននៅទាប ដោយការអានសៀវភៅកំប្លែងច្រើន ពួកគេនឹងមានភាពរីកចម្រើនផ្នែកអំណានជាក់ជាមិនខាន។

៣) រឿងរ៉ាវនៅក្នុងសៀវភៅនឹងមានប្រយោជន៍សម្រាប់ខួរក្បាលអ្នក៖ ខួរក្បាលរបស់មនុស្សនឹងធ្វើការផ្លាស់ប្ដូរនៅពេលពួកគេអាន ជាពិសេសបើវាជាប្រភេទសៀវភៅដែលទាក់ទាញការចាប់អារម្មណ៍របស់ពួកគេដូចជាសៀវភៅកំប្លែងទៅទៀតនោះ សកម្មភាពនៃប្រព័ន្ធប្រសាទនឹងធ្វើការផ្លាស់ប្ដូរ នៅពេលនោះការបញ្ជ្រាបចូលនូវចំណេះដឹង និងព័ត៌មានផ្សេងៗដែលបានរួមបញ្ចូលមិនថាប្រវត្តិសាស្ត្រអ្វីនោះទេ នឹងកាន់តែមានភាពងាយស្រួលសម្រាប់ពួកគេ ឯការចងចាំនោះទៀតសោតក៏ដូចគ្នាដូច្នោះដែរ៕

ប្រភព ៖ bizkhmer

Loading...
-->