ពាក្យ​ ៨ឃ្លា​​​​ដែល​បុគ្គលិក​​ល្អ​ ​​​មិន​និយាយ​នៅ​​កន្លែង​​ធ្វើ​ការ!

8-05-01-2017-14-19-58

ការប្រាស្រ័យទាក់ទងគ្នានៅកន្លែងធ្វើការ  គឺជាចំណុចសំខាន់របស់បុគ្គលិកម្នាក់ៗ។ វាក៏ជាផ្នែកមួយដែលត្រូវបានថ្នាក់លើវាយតម្លៃថែមទៀតផង។ បុគ្គលិកមួយចំនួនមិនសូវដឹងថា ពាក្យពេចន៍ចំនួនមិនគួរនិយាយទៅកាន់ថ្នាក់លើ ឬមិត្តភក្ដិរួមការងារនោះទេ។ ខាងក្រោមនេះ គឺជាពាក្យពេចន៍ទាំង៨ឃ្លា ដែលអ្នកមិនគួរនិយាយនៅកន្លែងធ្វើការ៖

១) “មិនយុត្តិធម៌សោះសម្រាប់ខ្ញុំ”៖ បុគ្គលិកផ្សេងទៀតបានឡើងតំណែង ប៉ុន្តែអ្នកមិនទទួលបានតំណែងអ្វីនោះឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកមិនត្រូវនិយាយពាក្យអយុត្តិធម៌នៅពេលនេះទេ។ ផ្ទុយទៅវិញ អ្នកត្រូវបង្កើនសមត្ថភាព និងផលិតភាពរបស់ខ្លួនបន្ថែមទៀតដោយទទួលខុសត្រូវលើការងារជាក់ស្តែង ដើម្បីឲ្យបុគ្គលិករួមការងារឬ ចៅហ្វាយនាយមើលឃើញពីគុណសម្បត្តិរបស់អ្នក។ ជាពិសេសព្យាយាមមើលឱ្យឃើញចំណុចអវិជ្ជមានរបស់ខ្លួនដែលប្រព្រឹត្តិនាពេលកន្លងមក។

២) “ វាមិនមែនជាភារកិច្ចរបស់ខ្ញុំនោះទេ”៖ ពាក្យមួយឃ្លាខាងលើនេះ ពិតជាធ្វើឲ្យបុគ្គលិករួមការងារផ្សេងទៀតឆ្អែតឆ្អន់ នៅពេលដែលអ្នកនិយាយទៅកាន់ពួកគេ ដែលកំពុងស្វែងរកជំនួយពីអ្នក។ នៅក្នុងបរិបទការងារ តួនាទីជាបុគ្គលិកល្អ ទោះបីជាអ្នកមិនអាចជួយបានទាំងស្រុង យ៉ាងហោចណាស់អ្នកអាចបង្ហាញពីភាពឈឺឆ្អាលខ្លះៗ ឬលើកចំណុចណាមួយមកជួយដោះស្រាយ ដើម្បីឲ្យបរិយាកាសការងារដំណើរការទៅមុខបានល្អប្រសើរ។

៣) “ខ្ញុំគិតថា …”៖ តើឃ្លាណាមួយខាងក្រោមនេះដែលបញ្ជាក់ពីទំនុកចិត្តរបស់អ្នកនៅក្នុងក្រុមហ៊ុនទៅកាន់អតិថិជន។ “ខ្ញុំគិតថា …” ឬ “ខ្ញុំជឿជាក់ថា …ក្រុមហ៊ុនរបស់យើងគឺជាដៃគូដ៏ល្អរបស់អ្នក”។ ឃ្លាទីមួយនឹងបង្ហាញថា អ្នកគ្មានភាពជឿជាក់លើក្រុមហ៊ុន ឬ គ្មានភាពច្បាស់លាស់ណាមួយគួរជាទីទុកចិត្តដល់អតិថិជននោះឡើយ ខណៈដែលឃ្លាទីវិញបង្ហាញពីភាពរឹងមាំ និងការកសាងទំនុកចិត្តយ៉ាងត្រឹមត្រូវមួយដល់អតិថិជន។ សូមកុំប្រើលាយឡំគ្នា។

Loading...

៤) “ខ្ញុំនឹងព្យាយាម”៖ សាកល្បងគិតទៅមើលថា អ្នកស្នើសុំឲ្យបុគ្គលិកម្នាក់ទៀតជួយរៀបចំឯកសារឲ្យអ្នកឲ្យបានមុនថ្ងៃទី១ ខែឧសភា។ ប៉ុន្តែគេឆ្លើយមកវិញថា ៖ “ខ្ញុំនឹងព្យាយាម” ។ ក្នុងបរិយាកាសការងារ ពាក្យមួយឃ្លានេះបានបង្ហាញពីលទ្ធភាពនៃការបរាជ័យរបស់បុគ្គលិកម្នាក់នោះ។ ទោះបីជាយ៉ាងនេះក្តី សម្រាប់អ្នក ស្ដាប់ទៅពាក្យថា ៖”ខ្ញុំនឹងធ្វើវា” ហាក់មានលក្ខណៈពីរោះជាង និងមានភាគរយច្រើនលើការបំពេញ ការងារនោះ។

៥) “វាមិនអាចទៅរួចនោះទេ” ឬ “ ខ្ញុំមិនអាចធ្វើបានទេ”៖ តើអ្នកមានច្រកផ្លូវតែមួយមែនទេ ទើបនិយាយពាក្យនេះចេញមក? ភាពជាបុគ្គលិកល្អត្រូវមានភាពច្នៃប្រឌិតរិះរកគ្រប់មធ្យោបាយ ធ្វើយ៉ាងណាឲ្យបញ្ហាក្នុងការងារជាក់ស្តែងអាចមានច្រកចេញទៅរួច។ ផ្ទុយទៅវិញ បើអ្នកនិយាយបែបនេះចេញមកមែននោះ មានន័យថា អ្នកគ្មានសុទិដ្ឋិនិយមឬ បានបង្ហាញពីភាពកម្សោយរបស់អ្នកនៅក្នុងការងារបច្ចុប្បន្ន និងបានទម្លាក់ទង់ជ័យមុនពេលប្រយុទ្ធបាត់ទៅហើយ។

៦) “អ្នកគួរតែ…”៖ អ្នកប្រហែលជាមិនសប្បាយចិត្តនៅពេលចៅហ្វាយនាយរបស់អ្នកនិយាយមកកាន់អ្នកថា ៖ “អ្នកគួរតែប្រាប់ខ្ញុំពីរឿងនេះឲ្យបានលឿនជាងនេះ” ឬក៏ “ អ្នកគួរតែព្យាយាមបន្ថែមទៀត”។ ដើម្បីជៀសវាងពាក្យពេចន៍ទាំងនេះទៅកាន់អ្នករួមការងារ ដោយភាពសោកស្ដាយ ភាសាដែលស្តាប់ទៅអាចធ្វើឲ្យបរិយាកាសការងារជោគជ័យគួរតែនិយាយថា ៖ “ពេលក្រោយ សូមអ្នកយកចិត្តទុកដាក់ស្ដាប់ខ្ញុំឲ្យបានច្រើនជាងនេះ” ឬក៏ “ខ្ញុំនឹងផ្ដល់មតិកែលំអបន្ថែមទៀតនៅពេលក្រោយ”។

៧) “ខ្ញុំប្រហែលជាខុស ប៉ុន្តែ…”៖ នេះជាភាពគ្មានទំនួលខុសត្រូវមួយរបស់អ្នកដែលមិនព្រមទទួលកំហុសរបស់ខ្លួន ហើយព្យាយាមកែលំអឡើងវិញ និងអាចទម្លាក់កំហុសនេះទៅលើអ្នកផ្សេងក៏ថាបាន។ ទោះបីជាយ៉ាងណាក៏ដោយ នៅកន្លែងការងារអ្នកត្រូវទទួលកំហុសរបស់ខ្លួន និងហ៊ានទទួលខុសត្រូវនូវអ្វីដែលអ្នកបានធ្វើដោយការប្ដេជ្ញាចិត្ត ព្យាយាមឲ្យបានទទួលជោគជ័យឡើងវិញ។

 ៨) “ខ្ញុំគ្មានពេលទេ” ឬក៏”ខ្ញុំរវល់ណាស់”៖ ទោះបីនេះជាការពិតយ៉ាងណាក៏ដោយ គ្មានអ្នកណាម្នាក់ចង់ឲ្យខ្លួនឯងគ្មានតម្លៃជាងអ្វី ឬអ្នកណាម្នាក់នោះឡើយ។ ប៉ុន្តែជាការគួរសម និងសហការគ្នាក្នុងពេលបំពេញការងារ អ្នកគួរព្យាយាមនិយាយអ្វីដែលស្ដាប់ទៅមានលក្ខណៈសមហេតុផលជាងនេះ។ អ្នកអាចនិយាយបានថា ៖ “ខ្ញុំរីករាយក្នុងការពិភាក្សាជាមួយអ្នកពីបញ្ហានេះបន្ទាប់ពីបញ្ចប់ការងារ ឬ កិច្ចប្រជុំរួច”៕

ប្រភព ៖ bizkhmer

Loading...
-->