ម្ចាស់​ហាង​ត្រូវ​បំពេញបែបបទ​ចុះបញ្ជី​យានយន្ត សុំ​បណ្ណ​សម្គាល់ និង​សុំ​ស្លាក​លេខ​យានយន្ត មុន​ប្រគល់​ឲ្យ​អ្នកទិញ​

Loading...

ម្ចាស់ហាងត្រូវបំពេញបែបបទចុះបញ្ជីយានយន្ត សុំបណ្ណសម្គាល់ និងសុំស្លាកលេខយានយន្ត មុនប្រគល់ឲ្យអ្នកទិញ

ភ្នំពេញ៖ មាត្រា ៤៨ថ្មី នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក បានតម្រូវឲ្យម្ចាស់ហាងលក់យានយន្តគ្រប់ប្រភេទ មានកាតព្វកិច្ចបំពេញបែបបទចុះបញ្ជីយានយន្ត សុំបណ្ណសម្គាល់យានយន្ត និងសុំស្លាកយានយន្តឲ្យបានចប់សព្វគ្រប់ មុនពេលប្រគល់ឲ្យអ្នកទិញ។
មាត្រា ៤៨ថ្មី បានចែងបន្តថា ការលក់ទិញ ការធ្វើអំណោយ និងរាល់ទម្រង់ផ្សេងៗទៀត ដែលនាំឲ្យមានការផ្លាស់ប្តូរកម្មសិទ្ធិករនៃយានយន្ត ត្រូវបំពេញសំណុំបែបបទ ដើម្បីផ្ទេរ កម្មសិទ្ធិយានយន្ត។ បែបបទ និងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានយន្ត មានកំណត់ក្នុងប្រកាស អន្តរក្រសួងរវាង ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ម្ចាស់យានយន្តគ្រប់ប្រភេទ មានកាតព្វកិច្ចបំពេញបែបបទលុបចេញពីបញ្ជីយានយន្តនូវយានយន្តទាំងឡាយដែលគេឈប់ប្រើប្រាស់។ នេះបើតាមមាត្រា ៤៨ថ្មី នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ដែលរដ្ឋសភាបានអនុម័ត វិសោធនកម្មលើសំឡេង ៩៣/១០០សំឡេង ក្នុងសម័យប្រជុំសភា នៅថ្ងៃទី២៦ ធ្នូនេះ នាវិមានរដ្ឋសភា។

មាត្រាខាងលើចែងបញ្ជាក់ថា បែបបទ និងនីតិវិធីនៃការចុះបញ្ជីយានយន្ត ការផ្តល់ស្លាកលេខ សម្គាល់យានយន្ត និងការលុបចេញពីបញ្ជីយានយន្ត ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន។

រដ្ឋាភិបាលបានធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្ម នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ក្រោយមានការប្រទាំងប្រទើសមួយចំនួន កើតឡើងពេលសមត្ថកិច្ចចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦រហូតមក។

ច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកថ្មី ត្រូវបានប្រកាសដោយព្រះរាជក្រម កាលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ ៕

អត្ថបទ៖ រឿន ភារុន
ប្រភព៖ ថ្មីៗ

-->