ខុសពី​អតីតកាល យុវជន​ខ្មែរ​បច្ចុប្បន្ន ចង់រក​ទ្រនំ​ថ្មី​ក្រោយពេល​រៀបការ​រួច

Loading...

ខុសពីអតីតកាល យុវជនខ្មែរបច្ចុប្បន្ន ចង់រកទ្រនំថ្មីក្រោយពេលរៀបការរួច

ភ្នំពេញ៖ ខុសពីជំនាន់មុនៗ ដែលផ្នត់គំនិតយុវជនចូលចិត្តរស់នៅជុំគ្នា ជាមួយឪពុកម្តាយក្រោយពេលរៀបអាពិពាហ៍ពិពាហ៍នោះ យុវជនខ្មែរបច្ចុប្បន្ន ជ្រើសរើសយកឯករាជ្យភាពជាផ្លូវពេញនិយមមួយ ក្នុងការកសាងអនាគតគ្រួសាររបស់ខ្លួន ដោយពឹងលើសមត្ថភាពផ្ទាល់ និងមិនចង់ដាក់បន្ទុកនៃការទទួលខុសត្រូវលើឪពុកម្តាយបន្តទៀតឡើយ។
លោក ឃុត ចិន្តា និងភរិយារបស់គាត់ ស្ថិតក្នុងចំណោមយុវជនកាន់តែច្រើនឡើងៗ ក្រោយពីបានរៀបការថ្មីថ្មោង បាននាំគ្នាផ្តាច់ខ្លួនចេញពីដំបូលជម្រករបស់ឪពុកម្តាយ ទៅតស៊ូត្រួសត្រាយផ្លូវអនាគតគ្រួសាររបស់ខ្លួនដោយខ្លួនឯង។ បើទោះជាអ្នកខ្លះ ចាប់ផ្តើមកវែកកឆ្នាំងរបស់ខ្លួនជាមួយធនធានហិរញ្ញវត្ថុស្តួចស្តើងក្តី វាជានិន្នាការថ្មី ដែលឆ្លុះបញ្ចាំងឲ្យឃើញនូវផ្នត់គំនិតមនុស្សសម័យថ្មី ចង់មានឯករាជ្យក្នុងផ្លូវជីវិតបុគ្គល ខុសពីផ្នត់គំនិតចាស់ដែលឪពុកម្តាយច្រើនតែជាអ្នកកំណត់ផ្លូវអនាគតឲ្យ។

ទើបតែរៀបការរួចថ្មីថ្មោង យុវជន ឃុត ចិន្តា បាននាំភរិយាមករស់នៅបន្ទប់ជួលថ្មមួយ ដែលមានបន្ទប់ទឹក និងមានទំហំប្រហែល៣គុណ៤ម៉ែត្រ នៅរាជធានីភ្នំពេញ ទីកន្លែងដែលលោកកំពុងធ្វើការងារជាបុគ្គលិកធនាគារ។ លោកបាននិយាយមួយៗ និងម៉ឺងម៉ាត់ថា លោកកំពុងសន្សំប្រាក់សម្រាប់សង់ផ្ទះថ្មី ដើម្បីរស់នៅឯករាជ្យ ដោយមិនពឹងលើឪពុកម្តាយទៀតឡើយ។ ជាអ្នកខេត្តកំពង់ឆ្នាំង និងមានវ័យ២៣ឆ្នាំ ចិន្តាបាននិយាយយ៉ាងដូច្នេះថា៖ «បើយើងរស់នៅមិនបែកពីគាត់(ឪពុកម្តាយ) យើងនឹងមិនប្រឹងប្រែងរកលុយនោះទេ។ យើងនឹងបណ្តោយខ្លួនដោយពឹងលើគាត់ដូចបញ្ញើក្អែកអ៊ីចឹង តែបើនៅផ្ទះផ្សេង យើងនឹងប្រឹងប្រែងរៀនរស់ដោយខ្លួនឯង និងយល់ច្បាស់ពីជីវិតក្នុងសង្គម ថាតើគេរស់នៅយ៉ាងដូចម្តេច?តើលុយលំបាករកយ៉ាងម៉េច?»។

ខុសពីអតីតកាល យុវជនខ្មែរបច្ចុប្បន្ន ចង់រកទ្រនំថ្មីក្រោយពេលរៀបការរួច
រូបតំណាង

 

មិនមែនតែចិន្តាម្នាក់ទេ ដែលចង់រស់នៅផ្ទះផ្សេងពីឪពុកម្តាយនោះ អ្នកស្រី អ៊ឹង ថុនា ក៏មានគំនិតដូច្នេះដែរ។ ថុនា ដែលវ័យ២៣ឆ្នាំ និងជាគរុនិស្សិតនៅវិទ្យាស្ថានជាតិអប់រំ បានវាចាថា ការរស់នៅដោយឯករាជ្យ គឺមានភាពងាយស្រួលជាងរស់នៅជាមួយឪពុកម្តាយ។ «រស់នៅឯករាជ្យងាយស្រួលជាង ព្រោះមិនមានរឿងថ្នាំងថ្នាក់ពីសាច់ញាតិ និងមានទំនួលខុសត្រូវដោយខ្លួនឯង»។

មាឌដំបង និងមានដើមកំណើតនៅខេត្តព្រៃវែង ថុនា និយាយបន្តទៀតថា បច្ចុប្បន្ននាងកំពុងមានគម្រោងទិញផ្ទះថ្មី ប៉ុន្តែ អាណាព្យាបាលរបស់ខ្លួន ហាមឃាត់ដោយគាត់មិនចង់ឲ្យនាងរស់នៅឆ្ងាយពីគាត់។ យ៉ាងណានាងមិនចង់រស់នៅពឹងលើឪពុកម្តាយទៀតនោះឡើយ។ ទើបរៀបការមិនទាន់បានមួយឆ្នាំស្រួលបួលផងនោះ ថុនា បានបញ្ជាក់ច្បាស់ៗថា បើរស់នៅបែកផ្ទះ អ្វីៗគឺថ្មីទាំងអស់ ដែលធ្វើឲ្យនាងអាចស្គាល់រសជាតជីវិតកាន់តែច្បាស់។ នាងនិយាយយ៉ាងដូច្នេះថា៖ «ការរស់នៅជាមួយឪពុកម្តាយ នាំឲ្យមានជម្លោះជាមួយបងប្អូន ដូចខ្ញុំធ្លាប់ឃើញបងប្អូនមួយចំនួន ឈ្លោះគ្នាដណ្តើរកេរ្តិ៍(ទ្រព្យសម្បត្តិ)គ្នាអ៊ីចឹង»។

មិនខុសគ្នាពីថុនាឡើយ លោក កេត ផល្លី ពលករនៅប្រទេសថៃ ក៏គិតដូច្នេះផងដែរ។ ក្រោយរៀបការបានរយៈពេល៤ឆ្នាំ ផល្លី បានធ្វើការងារសន្សំប្រាក់ធ្វើផ្ទះថ្មីរួចហើយ។ ពីរឆ្នាំទៀត បុរសកូនមួយរួបនេះ មានគម្រោងវិលមកកម្ពុជាវិញ ដើម្បីធ្វើការងារក្នុងស្រុកជួបជុំប្រពន្ធ និងកូន ដែលកំពុងរង់ចាំខ្លួននៅស្រុកកំណើតជារៀងរាល់ថ្ងៃ។ បុរសវ័យ២៦ឆ្នាំរូបនេះ បញ្ជាក់ពីមូលហេតុដែលលោកចង់រស់នៅបែកពីឪពុកម្តាយយ៉ាងដូច្នេះថា៖«ការរស់នៅបែកពីឪពុកម្តាយ គឺធ្វើឲ្យយើងដឹងពីសមត្ថភាពរកប្រាក់របស់យើង តើយើងអាចធ្វើឲ្យគ្រួសារយើងមានសុភមង្គលឬអត់? ហើយខ្ញុំមិនចូលចិត្តពាក្យថា «ការ»ហើយនៅជាមួយឪពុកម្តាយនោះទេ»។ យ៉ាងណាក៏ដោយ មុនចាកចេញពីមាតុភូមិម្តងទៀតនោះ លោកបានសង់ផ្ទះរួចរាល់ ហើយអ្នកខេត្តកំពង់ឆ្នាំងរូបនេះ បានផ្ញើប្រពន្ធកូនឲ្យរស់នៅជាមួយឪពុកម្តាយ២ឆ្នាំទៀត ដើម្បីសុវត្ថិភាពរបស់ពួកគេ។

តាមពិតទៅ ពួកគេទាំងបីនាក់ខាងលើ ចង់រស់នៅបែកពីឪពុកម្តាយ ប៉ុន្តែ ខណៈពួកគេទើបរៀបការថ្មីថ្មោង ទើបជំរុញយុវជនខាងលើបង្ខំចិត្តរស់នៅជាមួយឪពុកម្តាយ ដើម្បីត្រៀមខ្លួនកសាងគ្រួសារថ្មីមួយ ដោយពឹងលើកណ្តាប់ដៃខ្លួនឯង។

ទោះបីគ្មានទិន្នន័យច្បាស់លាស់ពីចំនួនយុវជនដែលចង់រស់នៅបែកឪពុកម្តាយក៏ដោយ តែនិន្នាការថ្មីនេះ ត្រូវបាន អ្នកស្រី យិត សុខា ប្រធានស្តីទីសមាគមយុវជនខ្មែរ(KYA) ក៏យល់ស្របផងដែរ។ ធ្វើការងារជាមួយយុវជនជាង១០ឆ្នាំ និងមានវ័យ៣២ឆ្នាំទៅហើយនោះ អ្នកស្រីបានអត្ថាធិប្បាយ ថា៖ «ខ្ញុំយល់ថា ការរស់នៅបែកឆ្ងាយពីគ្រួសារមានចំណុចវិជ្ជាមានច្រើនជាងអវិជ្ជមាន ពីព្រោះ ទីមួយ ពួកគេអាចកាត់បន្ថយជម្លោះជាមួយសាច់ញាតិ និងទីពីរ ពួកគេមានភាពឯករាជ្យច្រើនក្នុងការសម្រេចចិត្ត ដើម្បីកសាងសុភមង្គលគ្រួសារ»។ ទោះបីមានបារម្ភតិចតួចពីជម្លោះរវាងប្តីប្រពន្ធ ដែលគ្មានឪពុកម្តាយជាអាជ្ញាកណ្តាលក៏ពិតមែន ប៉ុន្តែ អ្នកស្រី យិត សុខា នៅតែលើកទឹកចិត្តឲ្យយុវជន ឲ្យពឹងលើខ្លួនច្រើនជាងពឹងលើឪពុកម្តាយបន្តទៀត។ អ្នកស្រីនិយាយយ៉ាងខ្លីថា៖«ឪពុកម្តាយ បានចិញ្ចឹមបីបាច់ថែរក្សាយើងតាំងពីតូចមកហើយ មិនគួរណាឲ្យគាត់ទទួលខុសត្រូវលើជីវិតយើងបន្តទៀតឡើយ»។

មិនមែនតែមន្ត្រីអង្គការសង្គមស៊ីវិលនោះទេ ដែលយល់ស្របនិងនិន្នាការខាងលើនេះនោះ លោក ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៅវិទ្យាស្ថានទំនងទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលជាស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជានោះ បានអត្ថាធិប្បាយ ថា យុវជនសម័យនេះ ភាគច្រើនពួកគេចង់រស់នៅឯករាជ្យ ចង់បានសេរីភាពកាន់តែច្រើនហើយប្រសិនបើអាចជួយខ្លួនឯងបាន ពួកគេចាប់ផ្តើមជួយខ្លួនឯងតាំងពីនៅសិក្សាមកម្ល៉េះ។

លោកគាំទ្ររបត់ថ្មីនេះ ពីព្រោះ វាបានបង្ហាញពីការប្រឹងប្រែងរបស់យុវជន ការរៀនទទួលខុសត្រូវចំពោះជីវិត និងការទទួលឥទ្ធិពលវិជ្ជមានពីសាកលភាវូបនីយកកម្មផងដែរ។ លើសពីនេះទៀត ពួកគេមិនចង់បន្តដាក់បន្ទុក ឬការទទួលខុសត្រូវលើឪពុកម្តាយរបស់ពួកគេឡើយ ដោយហេតុថា ពួកគេត្រូវបានឪពុកម្តាយចិញ្ចឹមបីបាច់ថែរក្សាជាច្រើនឆ្នាំមកហើយ។

លោកពន្យល់ដូច្នេះថា៖«កាលសម័យដើម ផ្នត់គំនិតរបស់ឪពុកម្តាយ និងយុវជនខ្លួនឯង ចង់រស់នៅរួមគ្នា ទទួលខុសត្រូវរួមគ្នា ពឹងពាក់គ្នា មិនសូវបែងចែកការទទួលខុសត្រូវច្បាស់លាស់ទេ»។

យ៉ាងណាក៏ដោយ លោក ឈត ប៊ុនថង ថា ការរស់នៅជាមួយឪពុកម្តាយមានផលវិជ្ជមានផង និងអវិជ្ជមានផង។ វិជ្ជមាននៅត្រង់ថា ការរស់នៅលក្ខណៈគ្រួសារធំ គឺបង្ហាញពីការចែករំលែកគ្នា ចេះជួយគ្នា និងបង្កភាពស្និទ្ធស្នាល។ ចំណែកឯផលអវិជ្ជមានវិញនោះ គឺការរស់នៅលក្ខណៈគ្រួសារធំ មានភាពងាយប៉ះទង្គិចគ្នានៅក្នុងរង្វង់សមាជិកគ្រួសារ ហើយសមាជិកខ្លះ ខ្ជិលមិនចេះសន្សំសម្ចៃ ព្រមទាំងគេចពីការទទួលខុសត្រូវផងដែរ។ ទោះបីជា លោក ឈត ប៊ុនថង លើកទឹកចិត្តឲ្យយុវជនបែកផ្ទះក្រោយរៀបការក៏ដោយ ប៉ុន្តែ សាស្ត្រាចារ្យផ្នែកទស្សនវិជ្ជារូបនេះ ជំរុញឲ្យយុវជនខ្មែរគួរធ្វើខ្លួនជាកូនកតញ្ញូ ដោយចំណាយពេលវេលាទៅសួរសុខទុក្ខឪពុកម្តាយឲ្យបានញឹកញាប់ ដើម្បីតបស្នងសងគុណពួកគាត់វិញ៕

អត្ថបទ៖ រ៉ឹម ភារី
ប្រភព៖ ថ្មីៗ

-->