សំណង់​អគារ​ខ្ពស់​កប់​ពពក​មួយ​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ​បាន​សាង​សង់​ដល់​ជាន់​ទី​បញ្ចប់

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ម្សិលមិញនេះ គម្រោងអគារខ្ពស់កបពពកមួយ មានកម្ពស់ ៤៥ជាន់ ជាគម្រោងអភិវឌ្ឍន៍ដោយក្រុមហ៊ុន អកស៏ឡីដាយអឹម៉ិន (Oxley Diamond) ខូអិលធីឌី ឈ្មោះថា The Bridge បានប្រកាសបញ្ចប់ការសាងសង់ជាន់ខ្ពស់បំផុត ដើម្បីឆ្លើយតបទៅនឹងការរង់ចាំរបស់អតិថិជន ខណៈដែលគម្រោងនេះនឹងត្រូវបញ្ចប់ទាំងស្រុងនៅឆ្នាំ២០១៨។

251558-boa
អគារ The Bridge ដែលជាគម្រោងអចលនទ្រព្យដ៏ធំមួយក្នុងចំណោមគម្រោងធំៗជាច្រើនទៀត ដែលមានវត្តមាននៅចំកណ្ដាលរាជធានីភ្នំពេញ និងជាគម្រោងរួមបញ្ចូលគ្នារវាង ខុនដូ ការិយាល័យ និងផ្សារទំនើបនេះ គឺជាគម្រោងអភិវឌ្ឍន៍រួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនមកពីប្រទេសសិង្ហបុរី ដោយមានប្លង់កម្មសិទ្ធិត្រឹមត្រូវ ទទួលស្គាល់ដោយក្រសួងដែនដី នគរោបនីយកម្មផងដែរ។
201008091707441002_1
អ្នកឧកញ៉ា សៀរ ឫទ្ធី ម្ចាស់គម្រោងក្នុងស្រុក ដែលបានអភិវឌ្ឍន៍អគារចលនទ្រព្យរួមគ្នាជាមួយក្រុមហ៊ុនដៃគូ មកពីប្រទេសសិង្ហបុរីនេះបានថ្លែងក្នុងសន្និសីទសារព័ត៌មានម្សិលមិញថា The bridge គឺជាគម្រោងទី១ ដែលបានសាងសង់សម្រេចតាមផែនការកំណត់ ដែលគ្រោងនឹងបញ្ចប់ទាំងស្រុងនៅក្នុងឆ្នាំ២០១៨ ឬក៏អាចបញ្ចប់មុនកាលកំណត់ក៏ថាបាន ព្រោះមកដល់ថ្ងៃទី១៨ ខែធ្នូ ចុងឆ្នាំ២០១៦នេះ The bridge បានសាងសង់ដល់ជាន់ចុងបញ្ចប់ហើយ គឺមានចំនួន៤៥ជាន់។
boa
លោកបានបន្តថា លក្ខណៈពិសេសរបស់ The bridge គឺអាចនិយាយបានថាជាគម្រោងមានទីតាំងល្អលេខមួយផងដែរ ព្រោះជាគម្រោងដែលស្ថិតនៅជាប់ផ្លូវធំ ដោយមានទីតាំងតាមបណ្ដោយផ្លូវរដ្ឋសភាជាតិ ស្ថិតក្នុងភូមិទី១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងមានវត្តមាននៅជាប់នឹងតំបន់កម្សាន្តកោះពេជ្រ រួមជាមួយនឹងផ្សារទំនើបផ្សេងៗទៀត ដូចជាផ្សារទំនើប អ៊ីអនមល ផ្សារទំនើបណាហ្គាវើល៍។ល។
boa-800x423
អ្នកវិនិយោគក្នុងស្រុករូបនេះបានបន្តថា មូលហេតុដែលជំរុញឲ្យគម្រោង The bridge ទទួលបានការសាងសង់ទាន់តាមពេលវេលាកំណត់ដូច្នេះ គឺបណ្ដាលមកពីកត្តាសំខាន់ៗមួយចំនួនរួមមាន៖ តាមដានសកម្មភាពជាងធ្វើឲ្យទាន់ផែនការ យកចិត្តទុកដាក់ចំពោះកម្មករ ដោយធ្វើការបើកលុយទាន់ពេលវេលា និងជាពិសេសរក្សានៅសុវត្ថិភាពខ្ពស់ដល់កម្មករ ហើយក៏គ្មានគ្រោះថ្នាក់កម្មករស្លាប់ក្នុងការដ្ឋានរបស់លោកផងដែរ ខណៈដែលការដ្ឋានមួយចំនួនធ្លាប់មានករណីនេះកើតឡើង។
គួររម្លឹកថា អគារ The bridge បានចាប់ផ្ដើមបុកគ្រឹះ កាលពីថ្ងៃទី១២ ខែមិថុនា ពាក់កណ្ដាលឆ្នាំ២០១៤កន្លងទៅ នឹងគ្រោងបញ្ចប់ទាំងស្រុង ដើម្បីផ្ទេរកម្មសិទ្ធិឲ្យអតិថិជនរបស់ខ្លួនចូលរស់នៅក្នុងឆ្នាំ២០១៨ ឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្នកំពុងចាប់ផ្ដើមរចនាផ្នែកខាងក្នុងវិញម្ដង បន្ទាប់ពីគម្រោងនេះ ទើបតែបញ្ចប់ការសាងសង់ជាន់ខ្ពស់បំផុត ប្រកបដោយជោគជ័យ។
តាមការបញ្ជាក់របស់អ្នកឧកញ៉ា សៀរ ឫទ្ធី ក្នុងសន្និសីទសារព័ត៌មានម្សិលមិញនេះដែរបានឲ្យដឹងថា  ឥឡូវនេះក្រុមហ៊ុនកំពុងដាក់លក់ផ្សារទំនើបជាន់ផ្ទាល់ដី ជាន់ទី១ និងជាន់ទី២ ដែលមានតម្លៃចាប់ពី ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិកឡើងទៅ ខណៈអាគារពីរជង់នោះមានផ្សារទំនើបរហូត៥ជាន់ ដោយឡែកខុនដូ មានចំនួន ៧៤៦ យូនីត និងបន្ទប់ការិយាល័យមានរហូត៩៦៣កន្លែង។
យ៉ាងណាមិញចំពោះ ខុនដូ នៃអគារ The bridge នេះត្រូវបានលក់ជូនអតិថិជនអស់ទៅហើយ ដោយមានទាំងអតិថិជនក្នុងស្រុក និងក្រៅស្រុក មានភាគរយប្រហាក់ប្រហែលគ្នា។ ចំណុចនេះអ្នកអភិវឌ្ឍន៍គម្រោងខាងលើបានបញ្ជាក់ថា វាជាការផ្លាស់ប្ដូរដ៏ថ្មីមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលមានសមត្ថភាពទិញខុនដូ ដើម្បីរស់នៅក្នុងសម័យទំនើបកម្មនេះ។
ជាមួយគ្នានឹងអគារ The bridge បានសាងសង់ដល់ជាន់ទីបញ្ចប់នេះដែរ Kqube.net ក៏បានទំនាក់ទំនងតាមទូរស័ព្ទទៅអ្នកនាំពាក្យក្រសួងដែនដី នគរោបនីយកម្ម និងសំណង់ ដើម្បីសាកសួរព័ត៌មានបន្ថែមជុំវិញការសាងសង់សំណងនេះ ក៏ដូចជាសំណង់ផ្សេងទៀតដែលបានគោរពតាមបទដ្ឋាន ឬបានសាងសង់តាមកាលកំណត់ ប៉ុន្តែក្នុងចំណោមអ្នកនាំពាក្យបីនាក់ បានតេទូរស័ព្ទទៅពីរនាក់ មានតែឯកឧត្ដម សារុន ប្ញទ្ធា ប៉ុណ្ណោះដែលបានលើកទូរស័ព្ទ នឹងបានបង្វែរសំនួរនេះទៅលោក ហ៊ុយ ណារ៉ា ប្រធាននាយកដ្ឋានសំណង់ នៃក្រសួងដែនដី ប៉ុន្តែលេខលោក ហ៊ុយ ណារ៉ា គ្មានអ្នកទទួល។
ចំពោះឯកឧត្ដម សារុន ប្ញទ្ធា បានចូលរួមឆ្លើយតែមួយសំនួរគត់ថា សំណង់ធំៗដែលគោរពតាមបទដ្ឋាន និងកាលកំណត់ត្រឹមត្រូវនោះ ផ្សារទំនើប អ៊ីអនមល ដែលប្រជាជនកម្ពុជាភាគច្រើនបានស្គាល់ទៅហើយនោះ ក៏បានសាងសង់តាមការកំណត់របស់គេដែរ។ ដូច្នេះមិនមែនមានតែសំណង់អគារ The bridge តែមួយនោះទេ ហើយក៏សង្ឃឹមថា សំណង់ធំៗដែលកំពុងសាងសង់ក្នុងរាជធានីភ្នំពេញផ្សេងៗទៀត នឹងកាន់តែបានល្អជាងនេះបន្ថែមទៀតផងដែរ៕
ប្រភព ៖ kqube
Loading...
-->